សហព័ន្ធកីឡាប៊ូល និង ប៉េតង់ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារ

សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងគណៈកម្មការធិការជាតិកីឡាអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ សមជិកសហព័ន្ធ លោកគ្រូអ្នកគ្រូបង្វឹក តំណាងសម្ព័ន្ធ ក្លិប មកពីបណ្ដារាជធានី ខេត្ត និងកីឡាករ កីឡាការិនីសរុបចំនួន ៨៥នាក់។

ឯកឧត្ដម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីបូកសរុបលទ្ធផល ដែលសម្ព័ន្ធទទួលបានក្នុងឆ្នាំ២០២៣ និងបានដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤នេះ និងបានបូក សរុបរបាយការណ៍វឌ្ឍនភាព របាយការណ៍ហិរញ្ញវត្ថុ ជូនអង្គសន្និបាតទាំងមូលបានជ្រាប។ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងផ្ដោតលើទិសដៅការងារជាអាទិភាពចំនួន៤គឺ (១) ពង្រឹងបន្ថែម ការងារបណ្ដុះបណ្ដាលពិសេសផ្តោតលើបច្ចេកទេសកម្រិតខ្ពស់ (២) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា និងសម្ព័ន្ធ-ក្លិបនៅបណ្ដារាជធានី-ខេត្ត (៣) បន្តចូលរួមការប្រកួតអន្តរជាតិ និងជំរុញការប្រកួតក្នុងប្រទេស ពិសេសកម្រិតខេត្ត សម្ព័ន្ធនិងក្លិប (៤)ពង្រីកវិសាលភាពវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា។

ថ្លែងនៅក្នុងពិធីបិទសន្និបាត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍គាំទ្រ និងឯកភាពនូវ ការដាក់ទិសដៅអាទិភាពរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងបានមានប្រសាសន៍ផ្ដាំផ្ញើដល់ គ្រួសារសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនការហ្វឹកហាត់ ការបណ្ដុះបណ្ដាល និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសម្ព័ន្ធ-ក្លិប ក៏ដូចជាពង្រឹងចំណងទំនាក់ទំនង ក្នុងតំបន់ និងអន្តរជាតិមានជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នា លើកការពង្រឹងវិស័យកីឡាប៊ូល និង ប៉េតង់ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កីឡាប៊ូល និប៉េតង់ ជាកីឡាមួយដែលមាន ប្រជាប្រិយភាពនិងងាយស្រួលក្នុងទាក់ទាញយុវជន មហាជនឱ្យលេងកីឡានេះ។

លោក សុខ សូកាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលតែងតែបន្តគាំទ្រសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទាំងធនធាន ប្រាជ្ញាស្មារតី និងវេលាដ៏មានតម្លៃ និងនៅជាគ្រឹះដ៏រឹងមាំរបស់សហព័ន្ធ កីឡាប៊ូលនិងប៉េតង់កម្ពុជា។ លើសពីនេះទៅទៀតលោកក៏ បានថ្លែងអំណរ គុណនិងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះរាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើវិស័យកីឡា ដោយក្នុងនោះរួមមានកីឡាប៊ូល និងប៉េតង់ផងដែរ តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ជំរុញឱ្យវិស័យកីឡាក្នុង ព្រះរាជាណាចក្រកម្ពុជានិយាយជារួមនិង និយាយដោយឡែក កីឡាប៊ូល និងប៉េតង់ បាននិងកំពុងឆ្ពោះ ទៅរកភាពរីកចម្រើន និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ បន្ថែមពីនេះលោក ក៏ថ្លែងអំណរគុណដល់វិស័យ ឯកជនដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ការរៀបចំការប្រកួតនានារបស់សហព័ន្ធ ដែលកន្លងមករួមមានក្រុមហ៊ុនធំៗ មានជាអាទិ៍ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ធនាគារវឌ្ឍនៈ ក្រុមហ៊ុនសោម៉ា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ក្រុមហ៊ុនHRK ក្រុមសូណាវិទ្យ និងក្រុមហ៊ុន ទឹកពិសាវីតាល់ និងដៃគូសហការរួមមានក្រុមហ៊ុន Forward SportsWear និងក្រុមហ៊ុន FBT។

គួររំលឹកផងដែរថា សមិទ្ធិផលជោគជ័យកន្លងមក របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺពិតជា ធ្វើឱ្យយើងទាំងអស់គ្នាមិនអាចភ្លេចបាននូវគុណូបការៈរបស់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងនោះគឺ សម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធាននិងជាស្ថាបនិក និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអតីតប្រធាននិងជាអតីតប្រធានកិត្តិយស និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជាអតីតប្រធាននិងបច្ចុប្បន្នជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតជាច្រើនរូប រួមគ្នាផ្តួចផ្តើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ។ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ដល់បច្ចុប្បន្ន សហព័ន្ធ បានដំណើរការការងារចំនួន ៧ អាណត្តិ និងមានរយៈពេល៣២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមេដាយកសរុបចំនួន ៤១៣គ្រឿង (មាស ១១៧គ្រឿង ប្រាក់ ១៤៥គ្រឿង និងសំរិទ្ធ ១៥១គ្រឿង)។

Uncategorized

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដា្ឋនដល់សិក្ខាកាមចំនួន ២២ នាក់

ក្រោមកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំវគ្គ គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដល់សិក្ខាកាមចំនួន២២នាក់ នាព្រឹកថ្ងៃទី២៧សីហាឆ្នាំ២០២៥។

Read More
Uncategorized កីឡា

កុមារីកម្ពុជា ២រូប ​មានសំណាង កាន់ដៃកីឡាករល្បីៗរបស់ក្លឹបTottenham Hotspur តាមរយៈការ គាំទ្ររបស់AIA

ឱកាសធ្វើដំណើរទៅក្រៅប្រទេសជា លើកដំបូងមិនធ្លាប់មានក្នុងឆាកជីវិតសម្រាប់កុមារីកម្ពុជា ២រូបគឺមានអត្ថន័យលើសពីការហោះហើរ និងដើរកំសាន្ត ដោយសារតែវាគឺជាបទពិសោធន៍វិសេសវិសាលបំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែល ផ្តល់នូវចំណេះដឹងថ្មីៗពីពិភពលោក និងពង្រឹងទំនុកចិត្តលើខ្លួន​ឯងកាន់តែច្រើន ដែលនេះជាអ្វីដែល ប្អូនៗមិនធ្លាប់គិតថាអាចទៅរួច ។

Read More
Uncategorized កីឡា

ទិវាកីឡាអាស៊ាន “ ASEAN Sports Day អ្នក​ចូលរួម​បង្ហាញ​ពី​ភាព​រីករាយ​ និង​ស្និតស្នាល​

ទិវា​កីឡា​អាស៊ាន​ ឬ​ហៅ​ថា​ ASEAN Sports Day ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋានជាតិ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០២៥​ មានការ​ចូលរួមពី​​អ្នក​កីឡា​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​ប្រកប​ដោយ​

Read More