គោលបំណងរបស់សហព័ន្ធ គឺចង់មានដៃគូសហការច្បាស់លាស់ ដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ ហើយចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។

នេះបើតាមការលើកឡើងរបស់ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឧកាសដែលសហព័ន្ធនិងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានចុះអនុស្សារណៈលើភាពជាដៃគូ ឧបត្ថម្ភសម្ភារកីឡាម៉ាក Peak ផ្ដាច់មុខ រយៈពេល ២ ឆ្នាំ កាលពីរសៀលថ្ងៃទី២៦កុម្ភះឆ្នាំ២០២៦។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បន្ថែមថាសហព័ន្ធខ្មែរកីឡាហែលទឹកពិត ជាមានកិត្តិយស ដែលបានចុះអនុស្សារណៈ (MOU)ជាមួយក្រុមហ៊ុន CHN Sports ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាម៉ាក Peak ដ៏ធំរបស់ប្រទេសចិនលើពិភពលោក ក្រោមការអនុញ្ញាត ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ។

ចំណុចសំខាន់បំផុតនោះ សហព័ន្ធចង់សហការ និងជំរុញម៉ាកយីហោ Peak នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយនាពេលនេះក្រុមជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក មានឯកសណ្ឋានដ៏ស្រស់ស្អាត ក្នុងការចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ ។

ទន្ទឹមនេះ លោក Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានបើកដំណើរតាំងពីឆ្នាំ២០១៨ នេះ ជាជំហានជំបូងរបស់លោក ដោយសារលោកបានធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា និងរូបលោកស្រលាញ់ចូលចិត្តប្រជាជនខ្មែរ យ៉ាងទៀតលោកចង់ជួយ ចូលរួមអភិឌ្ឍន៍ការវិស័យកីឡាកម្ពុជា ទើបធ្វើឲ្យរូបលោកចាប់ដៃគូ ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹកតែម្តង។

លោកជឿជាក់ថា ក្រោមការឧបត្ថម្ភ ដល់សហព័ន្ធខ្មែរកីឡាហែលទឹក លោកសង្ឈឹមថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា នឹងកាន់តែបង្កើន នូវសមត្ថភាពខ្លួនឯង និងទទួលបានលទ្ធផល កាន់ខ្ពស់រហូតដល់ដណ្តើមបានមេដាយ ហើយរូបលោកនឹងខិតខំប្រឹងប្រែង ជួបឧបត្ថម្ភគាំទ្រនូវផ្នែកផ្សេងៗទៀត ប្រសិនអាចធ្វើទៅបាន ។

ការគាំទ្រ និងឧបត្ថម្ភរបស់ក្រុមហ៊ុន CHN Sports ក៏ជារួមចំណែកក្នុងការលើទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដោយការចូលរួមប្រកួតអន្តរជាតិនានាមានសម្ភារគ្រប់គ្រាន់ មិនធ្វើឲ្យមានបញ្ញាសតិអារម្មណ៍ណាមួយឡើយ។អ្វីដែលសំខាន់កិច្ចសហការនេះធ្វើឡើង រយៈពេល ២ឆ្នាំ ក្រុមហ៊ុន CHN Sports ប្រទេសចិន និងឧបត្ថម្ភក្នុងមួយឆ្នាំ ចំនួន ២០០ ឈុតឯណោះផងដែរ៕