រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់ ដែលបានដណ្តើមមេដាយប្រាក់ និងសំរឹទ្ធកម្រិត អាស៊ី នៅបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍នៅប្រទេសព្រុយណេ។ ដូច្នេះការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពិតជាមានសារសំខាន់ជាការបោះជំហានមួយក្នុងបង្ហាញទេពកោសល្យ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឱ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

នេះបើតាមលោក ឈៀង សុវណ្ណរតនា អនុប្រធានសហព័ន្ធតំណាងឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចាក់ស៊ីឡាកម្ពុជា នៅក្នុងពិធីបើកការការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១៤មិនាឆ្នាំ២០២៦។

លោក ឈៀង សុវណ្ណរតនា បបញ្ជាក់ថា តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦នេះ សហព័ន្ធនឹងជ្រើសរើសបានធនធានឆ្នើមៗសម្រាប់ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នៅប្រទេសម៉ាឡេស៊ី នាចុងឆ្នាំ២០២៦ រួមទាំងសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។

ឯកឧត្តម ព្រំ ប៊ុណ្ណយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាមួយនេះរបស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា រួមទាំងការខិតខំរួមគ្នារបស់គ្រូបង្វឹក កីឡាករ កីឡាការិនីតាមក្លឹប ក៏ដូចជាក្រុមជម្រើសជាតិ ដែលតែងតែបង្កើតបាននូវសមិទ្ធផលជាមេដាយក្នុងការប្រកួតអន្តរជាតិជាបន្តបន្ទាប់នាពេលកន្លងមក។ បន្ថែមពីលើនេះ ឯកឧត្តមក៏ជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ កីឡាការិនីបន្តការខិតខំអភិវឌ្ឍឆ្ពោះទៅចូលរួមប្រកួតកីឡាលើឆាកអន្តរជាតិបន្តទៀត ជាពិសេសត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ខាងមុខផងដែរ។

បើតាម លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឲ្យដឹងថា នេះជាឆ្នាំទី ២ នៃការរៀបចំប្រកួតជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ដោយមានអ្នកចូលរួមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារស្ម័គ្រចិត្តសរុប ២០៧នាក់ ដែលនៅក្នុងនោះមកពី ៩រាជធានីខេត្តនិង ២៤សាលាគុន។ សម្រាប់វិញ្ញាសាប្រកួតមាន ១៤វិញ្ញាសា ក្នុងនោះមាន ៥វិញ្ញាសា ជាវិញ្ញាសាសម្រាប់យុវជនក្រោម១៧ឆ្នាំ និង៩វិញ្ញាសាទៀត គឺវិញ្ញាសាប្រយុទ្ធ សម្រាប់អត្តពលិកអាយុលើ១៨ឆ្នាំ។

លោក បញ្ជាក់ថា បើធៀបនឹងឆ្នាំមុន គឺកើនឡើង២សាលាគុន ខណៈវិញ្ញាសាដោយសារនៅក្នុងឆ្នាំនេះមានការប្រកួតយុវជនក្រោមអាយុ ១៨ឆ្នាំកម្រិតអន្តរជាតិ ដូចនេះយើងបន្ថែមវិញ្ញាសាសម្រាប់យុវជនក្រោមអាយុ ១៨ឆ្នាំដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ មានឱកាសបន្តជំនាញ និងបង្ហាញស្នាដៃលើឆាកអន្តរជាតិនាពេលអនាគត់។
ចុងក្រោយនេះ យើងទទួលបានមេដាយកម្រិត អាស៊ី និងបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍ នៅប្រទេសព្រុយណេ ដែលបេសកកម្មទាំងពីនេះ ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ហើយយើងនឹងសម្រួចបន្ថែម សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានានៅក្នុងឆ្នាំ២០២៦នេះផងដែរ៕
