ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ ខណៈក្រុមសន្តិភាព បានត្រឹមចំណាត់ថ្នាក់លេខ ២ ដោយឈ្នះមេដាយមាស ១ គ្រឿង ។

មានប្រសាសន៍ក្នុងពិធិបិទជាផ្លូវការកាលពីព្រឹកថ្ងៃទី១៣កញ្ញាឆ្នាំ២០២៦ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញថ្លែងនូវការកោតសរសើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ដែលបានប្រឹងប្រែងប្រកួតប្រជែងប្រកបដោយស្មារតីរហូតដណ្តើមបានជ័យជម្នះជូនក្លឹបរៀងៗខ្លួន។ និងវិន័យក្រមសីលធម៍បានយ៉ាងល្អ ទើបធ្វើឲ្យដំណើរការនៃកម្មវិធីបញ្ចប់ទៅដោយភាពរលូន។

លោកបានបញ្ជាក់ថាប្រភេទកីឡាប៊ូល និង ប៉េតង់ គឺជាកីឡាមួយដែលទទួលបានការពេញនិយមពីប្រជាជនជាច្រើន ព្រោះកីឡានេះ ធ្វើឲ្យអ្នកលេងមានសុខភាពល្អ ការគិតបានឆ្លាតវៃ ជាពិសេសបង្កើននូវមិត្តភាពពីក្រុមមួយទៅក្រុមមួយទៀត និងបង្កើនភាពស្និទ្ធស្នាលជាដើម។

យោងតាមរបាយការណ៍របស់ លោក សេង ស្រេង ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ នៅទីលានវិទ្យាល័យជាស៊ីមសាមគ្គី មានរយៈពេល៥ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ មានក្រុមចូលរួមសរុបចំនួន១៩ ក្លឹប។

រួមមាន ក្លឹបកីឡាប៉េតង់ នាគព័ន្ធ ក្លឹបឌីជីអេ ក្លឹបបូរិទ្ធរាជ្យ ក្លឹបកូនខ្មែរ ក្លឹប វិស្ណុរាជ ក្លឹបយុវជនសាមគ្គី ក្លឹប ជ.ស.សាមគ្គី និងក្លឹបវិ.ដំរីរីករាយ ក្លឹបសន្តិភាព ក្លឹបកេសរហ៍ ក្លឹបសុរិយាដី ក្លឹបហនុមាន ក្លឹបអាណាចក្រខ្មែរ ក្លឹបអគ្គាធិការដ្ឋាន ក្លឹបម៉ាស្ទ័រ ក្លឹបសាមគ្គីមានជ័យ ក្លឹបម្លប់ស្វាយ ក្លឹបឥន្ទ្រីមាស និង ក្លឹបBKH ។ ប្រកួតលើ ៥ វិញ្ញាសារួមមាន វិញ្ញាសាវាយយកពិន្ទុ វាយ១ទល់១ វាយ២ទល់២ វាយ៣ទល់៣ និងវាយចម្រុះ(បុរស នារី)។

សម្រាប់លទ្ធផលចំណាត់ថ្នាក់ ក្រុមកីឡាករក្លិបប៉េតង់ BKH ទទួលបានងារជាជើងឯក លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ចំណាត់ថ្នាក់លេខ២បានទៅក្រុមកីឡាករក្លិបប៉េតង់សន្តិភាព និងចំណាត់ថ្នាក់លេខ៣ បានទៅក្លឹបកីឡាប៉េតង់ វិទ្យាល័យជាស៊ីម សាមគ្គីជាប់ចំណាត់ថ្នាក់លេខ ៣៕
