ក្នុងមហាសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦របស់ គណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវនាវដល់បណ្តារាជធានី ខេត្ត ជាពិសេសក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

ក្នុងនាមជាអធិបតីភាពដឹកនាំមហាសន្និបាត ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា និងអនុគណៈកម្មការរាជធានី ខេត្ត ផងនោះ ឯកឧត្តមអនុប្រធាន បានធ្វើការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានលះបង់ពេលវេលាមកចូលរួមក្នុងអង្គមហាសន្និបាតនេះ ដើម្បីរួមចំណែក និងលើកស្ទួយលើវិស័យពិការភាព។

ឯកឧត្តមអនុប្រធានបានបន្តទៀតថា ជានិច្ចជាកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តារាជធានី ខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា ឱ្យបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

ក្នុងមហាសន្និបាតដដែល ក៍មានរបាយការណ៍ពិសេសបូកសរុបលទ្ធផលការងារដែលជម្រាបជូនដោយ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និង របាយការណ៍របស់លោក ចាប រតនា អគ្គហេរញឹក ពាក់ព័ន្ធទៅនិង សកម្មភាពទាំងក្នុងនិងក្រៅប្រទេស និង ផែនការសម្រាប់ឆ្នាំបន្ទាប់ផងដែរ៕

