ឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

ឯកឧត្ដម កែ ប៊ុនខៀង មានប្រសាសន៍ថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា។

លើសពីនេះដើម្បីស្របតាមគោលដៅអភិវឌ្ឍចីរភាព (Sustainable Development Goals) ទាំង១៧ របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៥ ក៏បានបង្ហាញអំពីការលើកកម្ពស់យែនឌ័រដោយផ្ដល់អំណាច និងភាពស្មើគ្នាទៅស្រ្តីគ្រប់រូប។ ហេតុនេះហើយបើទោះបីជាបានជួបប្រទះនូវភាពលំបាកខ្លះក៏ដោយ លោកស្នើសុំអង្គភាពជំនាញបន្តបើកវគ្គបណ្តុះបណ្តាលផ្សេងទៀត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញបច្ចេ កទេស ដើម្បីធានាបាននូវសមភាពយែនឌ័រ និងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ នាពេលខាង
មុខ។

លោកលោក កែ ប៊ុនខៀង បានបន្តថា លោកបានកក់សម្គាល់ឃើញថា ដើម្បីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ ក៏ដូចជាការដើម្បីមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិ យើងមិនអាចខិតខំតែបណ្ដុះបណ្ដាលអត្តពលិកសម្រាប់ការប្រកួតប្រជែងលើទីលាននោះទេ ការយល់ដឹងប្រព័ន្ធបច្ចេកវិទ្យា ក៏មានតួនាទីយ៉ាងសំខាន់ដូចជាចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំគ្រប់គ្រងទិន្នន័យ ការផ្សព្វផ្សាយ ការគ្រប់គ្រងលទ្ធផល។ល។ សុទ្ធតែបានរួមចំណែកក្នុងការអភិវឌ្ឍអនុវិស័យ កីឡា ហើយខ្ញុំរំពឹងថាសិក្ខាកាមជានារីក្នុងវគ្គសិក្ខាសាលានេះ នឹងអាចយកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនេះចូលរួមដឹកនាំ និងរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ជាថ្មីម្តងទៀតសូមគោរពថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន លោកគ្រូឧទ្ទេស និងសហការីទាំងអស់ដែលបានសហការក្នុងការរៀបចំសិក្ខាសាលានេះរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណដល់លោកស្រីនាយិកា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសហការីទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការផ្តល់ទីតាំង និងផ្តល់ជូនខ្ចីនូវកុំព្យូទ័រ laptops សរុបចំនួន ៤០គ្រឿង សម្រាប់សិក្ខាកាមប្រើប្រាស់ក្នុងការរៀនសូត្រក្នុងសិក្ខាសាលានេះ៕
