HFCA ដែលជាអង្គការជួយទៅដល់កុមារក្រីក្រនៅប្រទេសកម្ពុជា នឹងផ្ដល់ឱកាសដល់កីឡាការិនីឆ្នើមៗអាយុក្រោម ១៦ឆ្នាំចំនួន ១០រូបទៅចូលរួមការប្រកួតពានរង្វាន់ JSSL 7s នៅប្រទេសសិង្ហបុរី ដើម្បីប្រកួតបង្ហាញសមត្ថភាព និងសន្សំបទពិសោធថ្មីៗតាមរយៈកីឡាបាល់ទាត់។

រូបភាពសន្និសីទសារព័ត៌មាន
ស្ថាបនិកអង្គការ HFCA លោក Paraic Grogan មានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់ JSSL 7s បានបង្កើតឡើងតាំងពីឆ្នាំ២០១៣ និងការប្រកួតដ៏ធំមួយប្រចាំទ្វីបអាស៊ី។ នៅឆ្នាំ២០២៦ JSSL Singapore 7s ជាខួបលើកទី១១ ដែលបានរៀបចំឡើង និងទទួលបានការចូលរួមរហូតដល់ទៅ ៤០០ក្រុម និងមានអ្នកចូលរួមសរុប ៦០០០នាក់ឯណោះ។

រូបភាពសន្និសីទសារព័ត៌មាន
លោក Paraic Grogan បន្ថែមទៀតថា កីឡាការិនីដែលត្រូវបានជ្រើសរើសចេញទៅប្រកួតនេះគឺជាអ្នកមានសមត្ថភាពខ្ពស់ និងមានការតស៊ូព្យាយាមលើការហ្វឹកហាត់កន្លង។ កុមារីទាំង ១០នាក់នឹងចេញទៅតំណាងកម្ពុជាគឺបានជ្រើសរើសពីអង្គការ Cambodian Children’s Fund មកពីរាជធានីភ្នំពេញ និងមកពីអង្គការ Build your Future Today មកពីខេត្តសៀមរាប។ កីឡាការិនីទាំងនោះគឺមកពីភូមិចំនួនពីរក្នុងខេត្តសៀមរាបគឺភូមិអូររូង និងភូមិស្រះស្រង់។

រូបភាពសន្និសីទសារព័ត៌មាន
ការចេញទៅនេះជាបទពិសោធថ្មីៗសម្រាប់កីឡាការិនីមួយចំនួនដែលមិនធ្លាប់ចេញក្រៅប្រទេស និងទើបមានឱកាសជិះយន្តហោះផងដែរ។ អារម្មណ៍រំភើបរួមទាំងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសចូលរួមផ្សេងៗទៀតនឹងផ្តល់បទពិសោធល្អៗ និងលើកទឹកចិត្តដល់ក្រុមកម្ពុជាឲ្យរឹតតែមានឆន្ទៈក្នុងវិស័យបាល់ទាត់ និងក្លាយជាធនធានល្អសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត។

រូបភាពសន្និសីទសារព័ត៌មាន
ជាថ្មីម្ដងទៀតកម្មវិធីប្រកួតបាល់ទាត់ JSSL 7s នឹងចាប់ផ្ដើមឡើងពីថ្ងៃទី២ ដល់ ៥ ខែមេសា ឆ្នាំ២០២៦ នៅឯប្រទេសសិង្ហបុរី។ អង្គការ HFCA នឹងនាំកីឡាការិនីឆ្នើមរបស់កម្ពុជាចំនួន ១០រូបទៅចូលរួមក្នុងព្រឹត្តិកាណ៍បាល់ទាត់ដ៏ធំប្រចាំអាស៊ីនេះ។ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ ឬហៅកាត់ថា HFCA បង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលបំណងផ្តល់កម្លាំងចិត្តដល់យុវជនគ្មានទីពឹងនៅក្នុងប្រទេសកម្ពុជាតាមរយៈកីឡាបាល់ទាត់ និងតែងតែផ្ដល់ឱកាសសិក្សាពង្រឹងស្មារតីដល់កុមារក្រីក្របានអភិវឌ្ឍន៍ខ្លួនក្លាយជាធនធានមានសមត្ថភាពក្នុងសង្គមដូចគេឯង៕