ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងសន្និសិទ្ធសារពត៍មានកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង នៅពែលលោកបានឃើញ កីឡាករ-កីឡាការិនីហាប់គីដូ របស់លោក ខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយចេញថវិកា ផ្ទាល់ខ្លួន ចេញទៅចូលរួមព្រឹត្តិការណ៍នាពេលខាងមុខនេះ។ នេះជាឆន្ទៈដ៏មោះមុតបំផុត របស់ប្រតិភូកីឡាហាប់គីដូ ដោយពុះពារការ លំបាក ការខ្វះខាត ហើយចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែង មេដាយជូនជាតិ។

ទន្ទឹមនោះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនី ដែលប្រឹងប្រែងដណ្តើមមេដាយជូនជាតិ រួមទាំងការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗទៀត នាពេលខាងមុខ។

សូមបញ្ជាក់ដែរថា សហព័ន្ធកីឡាហាប់គីដូ ត្រៀមបញ្ចូនកីឡាករ កីឡាការិនី និងប្រតិភូចំនួន១៨នាក់ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តការណ៍ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
រូបភាព៖NOCC
