បារាំងពង្រីកដែនការពារសម្រាប់ពិធីបើកកីឡាអូឡាំពិក ប្រឆាំងនឹងអំពើភេរវករកម្ម

ប្រទេសបារាំង ៖ ហានិភ័យនៃការវាយប្រហារដោយក្រុមភេរវករ នៅក្នុងទីក្រុងប៉ារីសកំពុងតែឡើងកំដៅខ្លាំង ដូច្នេះបរិវេណការពារត្រូវបានពង្រីក សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគារទាំងអស់ដែលអាចមើលឃើញទិដ្ឋភាពទន្លេសេន (Seine) ជាកន្លែងដែលបណ្តាទូកដឹកអត្តពលិកនឹងឆ្លងកាត់ អំឡុងពេលនៃពិធីបើក ហើយក៏ជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងការប្រកួត​ហែលទឹក Open Water Marathon ផងដែរ។

ប្រធានមជ្ឈមណ្ឌលជាតិស៊ើបការណ៍ និងប្រឆាំងអំពើភេរវកម្ម លោក Laurent Nunez បានប្រកាសថា វិធានការបែបនេះ នឹងត្រូវពង្រីកដល់អគារទាំងអស់ ដែលអាចមើលឃើញទន្លេដ៏ល្បី អំឡុងពេល​បើក​ការប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៃយុគសម័យទំនើប។ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងជាមួយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងប្រធានគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet ដែលបានថ្លែងថា នឹងមានអ្នកទស្សនាចំនួន ២២០,០០០នាក់ ដែលនឹងអាចចូលរួមក្នុងពិធីបើកនេះដោយឥតគិតថ្លៃ ដែលជាចំនួនខ្ពស់បំផុត។

លោក Nunez បានពន្យល់ថា «មានបរិវេណប្រឆាំងភេរវករ ជាមួយនឹងការត្រួតពិនិត្យជាបន្តបន្ទាប់ ហើយឥឡូវនេះ យើងចង់ពង្រីកទៅគ្រប់អគារទាំងអស់ ជាមួយទិដ្ឋភាពនៃទន្លេសេន លើសពីអ្វីដែលត្រូវបានបង្កើតឡើងដោយអ្នករៀបចំ»។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីចំនួនចុងក្រោយនៃកងកម្លាំងសន្តិសុខ ដែលនឹងត្រូវដាក់ពង្រាយសម្រាប់ពិធីបើក ដែលនឹងធ្វើឡើងកក្រើកទីក្រុងប៉ារីសនោះទេ។

យ៉ាងណាមិញ ក្នុងចំណោមព័ត៌មានលម្អិតដែលផ្តល់ដោយប៉ូលិសបានបង្ហាញថា តំបន់នៅជិតទន្លេសេន នៅកណ្ដាលទីក្រុងប៉ារីសនឹងត្រូវបិទ ក៏ដូចជាស្ថានីយរថភ្លើងក្រោមដី និងបណ្ដាសារមន្ទីរដែលនៅជាប់គ្នា។

ការធានាសុវត្ថិភាពនៃការប្រកួតអូឡាំពិក គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលបារាំង ហើយសន្និសីទសារព័ត៌មានទាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបារាំងបានចាប់ខ្លួនក្មេងជំទង់អាយុ១៦ឆ្នាំម្នាក់ កាលពីដើមសប្តាហ៍មុន ដោយសង្ស័យថាបានរៀបចំផែនការវាយប្រហារដោយក្រុមជីហាដ អំឡុងពេលដំណើរការកីឡាអូឡាំពិក។ ក្មេងជំទង់រូបនោះគឺជាពលរដ្ឋបារាំង ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារនៃអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅឯផ្ទះឪពុកម្ដាយរបស់គេស្ថិតនៅតំបន់ Haute-Savoie ជិតព្រំដែនជាមួយនឹងប្រទេសស្វីស។ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាបារាំងប្រឆាំងអំពើភេរវកម្ម៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More