អន្តរជាតិព្រួយបារម្ភព្រឹត្តិកាណ៍កីឡានានាដែលថៃធ្វើជាម្ចាស់ផ្ទះអាចត្រូវលុបចោលចំពេលមានភាពតានតឹងជាមួយកម្ពុជា

ការផ្ទុះឡើងភ្លាមៗនៃជម្លោះយោធារវាងប្រទេសថៃ និងកម្ពុជាកំពុងធ្វើអោយមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃព្រឹត្តិការណ៍កីឡាអន្តរជាតិជាបន្តបន្ទាប់ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសថៃ ។

ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានានាដូចជា ការប្រកួតបាល់ទះនារីពិភពលោកឆ្នាំ២០២៥ នៅចុងខែសីហា, តេក្វាន់ដូ Grand Prix នៅខែកញ្ញា និង ស៊ីហ្គេមលើកទី៣៣ ដែលនឹងប្រព្រឹត្តិទៅក្នុងខែធ្នូ រួមទាំងព្រឹត្តិការណ៍ខ្នាតធំជាច្រើនទៀតកំពុងប្រឈមនឹងហានិភ័យនៃការលុបចោល ឬការពន្យារពេល ប្រសិនបើជម្លោះថៃ-កម្ពុជានៅតែបន្តកើនឡើង។

សម្រាប់សហគមន៍កីឡាក្នុងតំបន់ និងពិភពលោក ជម្លោះនេះបាននាំអោយមានការព្រួយបារម្ភជាច្រើន។ ភ្លាមៗបំផុតគឺការប្រកួតបាល់ទះនារីពិភពលោកឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា ដោយមានទីតាំងចំនួន៤នឹងរៀបចំការប្រកួតដែលមានទីក្រុង បាងកក ភូកេត ឈៀងម៉ៃ និងនគររាជសីម៉ា។ ក្នុងចំណោមនោះ នគររាជសីមា មានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា ដែលចាត់ទុកជាតំបន់រសើបក្នុងបរិបទនៃជម្លោះកាន់តែខ្លាំង។ ការប្រកួតវគ្គចែកពូល និងជុំទីពីរនៃពូល C និង D នឹងធ្វើឡើងនៅទីនេះ ដោយប្រមូលផ្តុំក្រុមខ្លាំងៗជាច្រើនដូចជា អាមេរិក សែប ប៉ូឡូញ និង ចិន។ មិនយូរប៉ុន្មានបន្ទាប់ពីការប្រកួតបាល់ទះ ប្រទេសថៃក៏បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ Grand Prix ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែកញ្ញានៅទីក្រុងបាងកក និងរួមមាន ព្រឹត្តិការណ៍ ISU Junior Grand Prix Figure Skating Championship ការរត់ Betong Trail នៅខេត្តយ៉ាឡា និងការរត់ម៉ារ៉ាតុងជាបន្តបន្ទាប់ដូចជា Bangkok Double Bridge Run, Rayong Scenic Half Marathon ជាដើម។

យ៉ាងណាមិញ អ្វីដែលគួរអោយកត់សម្គាល់នោះគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តចំនួន៣ គឺបាងកក ឈុនបុរី និងសុងក្លា។ នេះជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទីមួយ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ២០០៧មក ដោយមាន ៥០ប្រភេទកីឡា និងមានអត្តពលិក និងមន្ត្រីជាង១ម៉ឺននាក់ រំពឹងថានឹងចូលរួម។ ទីក្រុងបាងកក និងឈុនបុរី ស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជា ប៉ុន្តែខេត្ត សុងក្លា នៅភាគខាងត្បូង មានប្រវត្តិនៃភាពចលាចល ដោយសារជម្លោះផ្តាច់ខ្លួន។ នៅក្នុងការវិភាគមួយដែលត្រូវបានចេញផ្សាយនៅលើ AsiaNews. Network អ្នកជំនាញជាច្រើនបានព្រមានថាប្រព័ន្ធផ្សព្វផ្សាយជ្រុលនិយម និងការកើនឡើងជាតិនិយមនៅក្នុងប្រទេសទាំងពីរអាចធ្វើអោយស៊ីហ្គេមលើកទី ៣៣ មានភាពតានតឹង។ បន្ថែមពីនេះ ចាប់តាំងពីមានវិវាទ ប្រដាល់ក្បាច់គុនខ្មែរ នៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កីឡាក្នុងតំបន់កាន់តែមានភាពរសើបចំពោះជម្លោះជាតិ។

បើទោះជាជម្លោះបច្ចុប្បន្នត្រូវបានបញ្ចប់ក៏ដោយ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នឹងនៅតែប្រឈមមុខនឹងហានិភ័យនយោបាយ និងសន្តិសុខជាច្រើន ជុំវិញវត្តមានរបស់គណៈប្រតិភូកីឡាកម្ពុជា។ ក្នុងប្រវត្តិសាស្ត្រកីឡាអន្តរជាតិ មានព្រឹត្តិការណ៍ធំៗជាច្រើនដែលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ។ គួរកត់សំគាល់បំផុត ហ្គេមអូឡាំពិកចំនួន៣ ត្រូវបានលុបចោលគឺ នៅទីក្រុងប៊ែកឡាំងឆ្នាំ ១៩១៦ ដោយសារសង្គ្រាមលោកលើកទី ១ ទីក្រុងតូក្យូឆ្នាំ ១៩៤០ និងទីក្រុងឡុងដ៍ឆ្នាំ ១៩៤៤ ដោយសារសង្គ្រាមលោកលើកទី ២ ។

វាក៏មានប្រវត្តិសាស្ត្រលុបចោលការប្រកួតកីឡានានាដូចជា ជើងឯកពិភពលោកបាល់ទះបុរសឆ្នាំ ២០២២ ត្រូវបានផ្លាស់ប្តូរពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសប៉ូឡូញ និង ស្លូវេនី ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ នៅក្នុងបាល់ទាត់វិញ អតីតសាធារណរដ្ឋ យូហ្គោស្លាវី  ត្រូវបានហាមប្រាមពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ ដោយសារតែសង្គ្រាមបាល់កង់។ ហើយរុស្ស៊ីត្រូវបានដកចេញពីវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ដោយសារតែ ប្រតិបត្តិការយោធាពិសេស របស់ខ្លួននៅអ៊ុយក្រែន។

ជាមួយនឹងគំរូជាបន្តបន្ទាប់បែបនេះ សហគមន៍កីឡាក្នុងតំបន់ និងពិភពលោកមានហេតុផលព្រួយបារម្ភអំពីលទ្ធភាពនៃការលុបចោល ឬពន្យារពេលព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងនៅក្នុងប្រទេសថៃក្នុងរយៈពេល ៥ ខែដែលនៅសល់នៃឆ្នាំ ២០២៥។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ប្រទេសថៃមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយអំពីហានិភ័យនៃការលុបចោល ឬពន្យារពេលព្រឹត្តិការណ៍កីឡាខាងលើនោះទេ។ ប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេនៅតែរៀបចំព្រឹត្តិការណ៍នានា ដើម្បីស្វាគមន៍ការប្រកួតកីឡាបាល់ទះនារីពិភពលោកតាមការគ្រោងទុក។ កន្លងមកកាលពីចុងខែមិថុនា អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡាជានិមិត្តរូបនៃសន្តិភាព និងសាមគ្គីភាព និងមិនគួរប៉ះពាល់ដោយសារជម្លោះនយោបាយឡើយ៕

Featured កីឡា

សហព័ន្ធ​កីឡាវូស៊ូ​កម្ពុជា​ ទទួល​បាន​ថ្នាក់ដឹកនាំ​ថ្មី​បន្ត​អភិវឌ្ឍន៍​នៅ​អាណត្តិទី៧​ ឆ្នាំ​២០២៥-២០២៩

តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាល​ពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ២០២៥​ ក្នុង​មហាសន្និតបាត​។

Read More
Featured កីឡា

អង្គការ HFCA នឹង​រៀបចំ​គម្រប់​ខួប​ ២០ឆ្នាំ​​ក្រោយជួយដល់​កុមារ​កម្ពុជា​​ពិសេស​លើក​ទឹកចិត្ត​តាម​រយៈ​កីឡា​

ព្រឹក​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បាន​ធ្វើ​សន្និសីទ​សារព័ត៌​ប្រកាស​ពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប ២០​ឆ្នាំ​នៅ​កម្ពុជា​ក្រោយ​ធ្វើ​សកម្មភាព​សប្បុរសធ៌​ជួយ​ដល់​ជីវភាព​កុមារ​

Read More
Featured កីឡា

វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ទៅ​ប្រកួត​នៅ​បារ៉ែន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អពាក់ព័ន្ធ​ហ្នឹង​​ពេល​ទៅចួលរួម​​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ ​នៅប្រទេស​បារ៉ែន​។​

Read More