Day: January 7, 2025

Featured កីឡាជាតិ

ប្រធាន​​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ អ្នក​ឈ្នះ​ អ្នក​ចាញ់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ និង​ពាន​រង្វាន់​របស់​សហព័ន្ធ​រួច​រាល់​កាល​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២៤​ ខណៈ​ថ្នាក់​ថ្នាក់​ដឹកនាំ​ក្រើន​រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី​សូម​កុំ​ភ្លេច​ថែរក្សា​សុខភាព។​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​របាយការណ៍​​របស់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​គឺ​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ និង​ដំណើរ​ការ​ប្រកួត​យ៉ាង​រលូន​ល្អ​បើ​ទោះ​ជា​មាន​ការ​ប្រកួត​ច្រើន​ប្រកួត​ក្ដី។​ ប្រធាន​សហព័ន្ធ​ខាង​លើ​សូម​អបអរសាទរ​ចំពោះ​ម្ចាស់​ជយលាភី​ទាំង​អស់​ និង​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មិន​ទាន់​ឈ្នះ​នៃ​ការ​ប្រកួត​ត្រូវ​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ត្រៀម​នូវ​ការ​ប្រកួត​សំខាន់ៗ​លើក​ក្រោយ​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​ក្រើន​​រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​សូម​គិតគូរ​ដល់​សុខភាព​ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ព្រោះ​បើ​ទោះ​ជា​បច្ចេកទេស​ខ្លាំង​ ឬ​បទ​ពិសោធ​ច្រើន​ក្ដី​ ប៉ុន្តែ​បើ​សុខភាព​មិន​សូវ​ល្អ​ហើយ​ពិបាក​នឹង​បន្ត​ក៏​ដូច​ជា​ហ្វឹកហាត់​ ឬ​ប្រកួត​​បាន​ឡើយ។​ សុខភាព​ល្អ​ទើប​កីឡា​ខ្លាំង​ពូកែ​ និង​ជោគជ័យ​ដូច​គ្នា។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២​ ដល់​ ៦​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំពោះ​ចំណាត់ថ្នាក់​នៃ​ការ​ប្រកួត​គឺ​លេខ១​ បាន​លើ​ក្រុម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ មាស៤ ប្រាក់១​ លេខ២ ក្រសួង​ការពារ​ជាតិ​ មាស៣​ ប្រាក់២ សំរឹទ្ធ២​​ លេខ៣​ ក្រុម​ក្រសួង​មហាផ្ទៃ​ ប្រាក់៣​ សំរឹទ្ធ១​៕​

Read More