Day: January 27, 2025

Featured កីឡា កីឡាជាតិ

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា៖​ ខេត្ត​កំពត​អំណោយផល​ល្អ​ចំពោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ខណៈ​រដ្ឋបាល​ខេត្ត​យក​​ចិត្ត​ទុកដាក់​ជា​ខ្លាំង​

តំណាង​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ខេត្ត​កំពត​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ទីតាំង​ប្រកួត​ រួម​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋបាល​ខេត្ត​ កងកម្លាំង​ ជា​ខ្លាំង​អំណោយ​ផល​ដល់​​ការ​ប្រកួត​ល្អ។​ លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​រៀបចំ​លើក​ទី១​ នៅ​ឯ​ខេត្ត​កំពត​ នេះ​គឺ​រលូន​ និង​អំណោយ​ផល​ជា​ខ្លាំង។​ រដ្ឋបាល​ខេត្ត​សហការ​ និង​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ ខណៈ​កងកម្លាំង​បាន​បិទ​ផ្លូវ​សម្រួល​ដល់​កីឡាករ​ កីឡា​ការិនី​ ប្រកួត​ដោយ​ទំនុក​ចិត្ត​ប្រកប​ដោយ​សុវត្ថិភាព។​ អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ឆ្នាំ​នេះ​វិញ្ញាសា​(ផ្លូវ​ប្រកួត​)មាន​ការ​លំបាក​ខ្លាំង​នាំ​ឲ្យ​ការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​។​ ចំពោះ​សមត្ថភាព​វិញ​ក្រុម​ជម្រើស​ជាតិ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់។​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ដែរ​ជា​ការ​វាស​ស្ទង់​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ត្រៀម​សម្រាប់​ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ នេះ​នៅ​ឯ​ប្រទេស​ថៃ​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ ប្រចាំ​ឆ្នាំ​២០២៤​ នៅ​ឯ​ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី២៤​ ដល់​ ២៦​ ខែ​មករា​ ឆ្នាំ​២០២៥។​ ការ​ប្រកួត​នេះ​ផង​ដែរ​ក៏​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯក​ជន​ដូច​ជា​ ភេសជ្ជៈ Zummer ទឹកប្រទាលកន្ទុយក្រពើ និង Miracle city world group៕​

Read More