រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យសម្រាប់វិស័យកីឡាកម្ពុជា ព្រមទាំងជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសមត្ថភាព សក្តានុពល និងកិត្យានុភាពរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។

នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តមកែ ប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨” ដែលរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមបានសំណូមពរដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំត្រង់ត្រាប់ស្តាប់នូវមុខវិជ្ជាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាពដោយយុត្តធម៍ និង សុក្រឹត្តភាពក្នុងការចូលរួម ឬដឹកនាំការប្រកួតនាពេលខាងមុខ។
បញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលបទបញ្ញាត្តិទូទៅ និងបទបញ្ជបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ មានសិក្ខាកាមចូលរួមតំណាងសហព័ន្ធកីឡាជាតិទាំង ១៥ តំណាងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ៦នាក់ និងតំណាងនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ៦នាក់ សរុប ៤២នាក់៕