សកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯកកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤

ព្រឹត្តការណ៍ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យក្រោយដំណើរការ តាំងពីថ្ងៃទី១៨ឧសភា ដល់ថ្ងៃទី២៦ឧសភា និងរកឃើញម្ចាស់ជយលាភីចំនួន១៣ប្រភេទកីឡា ទៅតាមគ្រឹះស្ថានទាំង៤៧។

បើតាមលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានអះអាងថា ព្រឹត្តិការណ៍កីឡានេះបានដំណើរការប្រកួតយ៉ាងរលូន ដោយកីឡាករ កីឡាការិនីបានឈរលើឧត្តមគតិកីឡា ការគោរពវិន័យ បទបញ្ជាការប្រកួត ជំរុញឱ្យការប្រកួតនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគ្រប់គ្រងម្ចាស់ជើងឯក ដោយឈ្នះមេដាយច្រើនជាងគេ សរុបរហូតដល់ ៦១គ្រឿង ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧។

ប្រធានគណៈកម្មការរៀបចំការប្រកួតសង្កត់ធ្ងន់ថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទ​កីឡា រយៈពេល ០៩ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន  រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍធនធានកីឡាការិនី សិស្សនិស្សិតត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ យើងត្រូវការរួបរួម និងសាមគ្គីគ្នា  ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០  ដែលប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាតែឯងពិតជាមិនអាចធ្វើកិច្ចការអភិវឌ្ឍ និងរីកចម្រើនរឹងមាំបានទេ បើមិនមានការចូលរួមគាំទ្រទាំងស្មារតី កម្លាំងកាយ និងមធ្យោបាយពីគ្រប់ផ្នែកសំខាន់ៗ ដូចជារាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ គ្រប់ស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធជាពិសេសបំផុត គឺតួនាទី និងការរួមចំណែក ដែលមិនអាចខ្វះបាន រួមមាន សមាគម ក្លឹបកីឡានៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជាដើម។

គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ លើ១៣ប្រភេទកីឡា និងគ្រឹះស្ថានសិក្សា ដែលទទួលបានមេដាយច្រើនជាងគេ និងមេដាយ រួមមាន៖ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈរលេខ១ ដោយដណ្តើមបានមេដាយមាស ២៨ ប្រាក់១៨ និងសំរឹទ្ធ១៥ សរុប ៦១គ្រឿង, លេខ២ វិទ្យាស្ថាន ខេមអេដ មេដាយមាស ១៨ ប្រាក់ ១០ និងសំរឹទ្ធ ១៥ សរុប ៤៣ ខណៈសាកលវិទ្យាល័យ វេស្ទើន ឈរលេខ៣ ដណ្តើមបានមេដាយមាសស ១៦ ប្រាក់ ១៦ និងសំរឹទ្ធ២០ រុប ៥២គ្រឿង។ ចំពោះ១៦គ្រឹះស្ថានឧត្តមសិក្សា ដណ្តើមបានមេដាយមាស រីឯ១២គ្រឹះស្ថានទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធ ស្របពេលដែល១៥គ្រឹះស្ថានផ្សេងទៀតមិនទទួលបានមេដាយសោះ។

ចំពោះការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ លើ១៣ប្រភេទកីឡា ដែលមានប្រតិភូកីឡាចូលរួមសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ មកពី ៤៧គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៨-២៦ ខែឧសភា ឆ្នាំ២០២៤៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More