នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

ក្នុងពិធីបិទជាផ្លូវការនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបាន កោតសរសើរ ចំពោះ តំណាងមកពីសហព័ន្ធកីឡាជាតិ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំង កីឡាករ កីឡាការិនីនិស្សិតទាំងអស់ ដែលបានចូលរួមយ៉ាងកុះករ និងធ្វើឱ្យការប្រកួតនេះប្រកបទៅដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។

ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២៨នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ (23rd ASEAN University Games – AUG) នៅរាជធានីភ្នំពេញ ។
ឯកឧត្តមទីប្រឹក្សា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានបញ្ចេញអស់ កម្លាំងកាយចិត្ត គោរពបទបញ្ជាការប្រកួត និងប្រកាន់ភ្ជាប់នូវ ស្មារតីកីឡា យុត្តិធម៌ និងមិត្តភាព យ៉ាងពិតប្រាកដ ។

បើតាមលោក ចាប រតនា អនុប្រធានគណៈកម្មការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ការប្រកួតមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមាន១២ក្រុមចូលរួមប្រកួត ចែកចេញជា២ពូល គឺពូលAបុរស និងពូលBនារី។
ឆ្លងតាមការប្រកួតជាលទ្ធផលពូលAបុរស ៖ ចំណាត់ថ្នាក់លេខ១ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប , លេខ២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង លេខ៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នពេញ។
ចំពោះផ្នែកនារី លេខ១ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (A) លេខ២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
និង ចំណាត់ថ្នាក់លេខ៣ បានតៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕