
ស្ថានីយទូរទស្សន៍បាយ័ន បានចាប់ផ្ដើមយុទ្ធនាការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១៣ បន្តទៀតហើយ ដោយលើកនេះផ្ដល់ឱកាសកីឡាករឆ្នើមកម្ពុជាទម្ងន់ស្រាលប្រភេទ ៥៧ គីឡូក្រាមប្រជែងជាមួយបរទេស។

លោក នាង ស៊ីវុត្ថា តំណាងទូរទស្សន៍បាយ័ន បានឲ្យដឹងថា ការប្រកួតរដូវកាលទី១៣ នេះគឺផ្ដល់ឱកាសដល់កីឡាករជំនាន់ក្រោយពិសេសទម្ងន់ ៥៧ គីឡូក្រាមនេះបានបង្ហាញសមត្ថភាព សាងកេរ្តិ៍ឈ្មោះដើម្បីឈានទៅរកភាពល្បីល្បាញលើវិស័យប្រដាល់គុនខ្មែរនៅថ្ងៃខាងមុខ។

ដូច្នេះសង្វៀនបាយ័ន រួមទាំងម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺភេសជ្ជៈខារ៉ាបាវ ជាថ្នាលដ៏ល្អមួយសម្រាប់កីឡាករក្មេងៗជំនាន់ក្រោយស្វែងរកបទពិសោធ និងជាការរួមចំណែកលើកស្ទួយគុនខ្មែរ បង្កើនធនធានផងដែរ។ យ៉ាងណាលោក នាង ស៊ីវុត្ថា មិនភ្លេចថ្លែងអំណរគុណដល់អ្នកគាំទ្រចម្រុះជាតិសាសន៍ដែលតែងតែមកទស្សនា និងដឹកនាំផ្សព្វផ្សាយដល់បរទេសឲ្យមកដល់សង្វៀនបាយ័នផ្ទាល់ដូចបានឃើញស្រាប់។

ជម្រាបផងដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀនបាយ័ន នេះគឺបានប្រកួតសប្ដាហ៍ទី១ របស់ខ្លួនហើយកាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ទឹងមានជ័យ។ កីឡាករ ៤ រូប រួមមាន យ៉ន ពិសី ធន់ ស៊ីម៉ូវ នូវ សុខទី លី សុខា។ ពួកគេនឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន ៤ប្រកួតជាមួយអ្នកលេងគុនថៃ ៤រូបដូចគ្នា បន្ទាប់មកកីឡាករខ្មែរ ២រូប ថៃ ២រួប នឹងត្រូវឡើងទៅជុំទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។ ម្ចាស់ខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៦,០០០ដុល្លារអាមេរិក លេខ២ ទទួលបាន ៣,៥០០ដុល្លារ លេខ៣ ទទួលបាន ២,០០០ដុល្លារ លេខ៤ ទទួលបាន ១,០០០ដុល្លារ៕